ខណ្ឌមានជ័យ ៖ រថយន្តម៉ាក VELLFIRE បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន មិនប្រយ័ត្ន ជ្រុលទៅបុក រថយន្តម៉ាក កូរ៉ូឡា ក្រូស ឈប់រងចាំស្តុបក្រហម ពីក្រោយពេញទំហឹង រងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០និង៥០ នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ចំណុចស្តុបមែកសឺដែស នៅលើផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មុនកើតហេតុ គេឃើញនារីម្នាក់ បានបើករថយន្តម៉ាក កូរ៉ូឡា ក្រូស ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា LITA.XNG ធ្វើដំណើរតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ក្នុងទិសដៅ ពីត្បូងមកជើង ក្នុងល្បឿនលឿនមធ្យម បានឈប់រងចាំស្តុបក្រហម មិនទាន់បានប៉ុន្មាននាទីផង ស្រាប់តែមាន រថយន្តបង្កម៉ាក VELLFIRE ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BU-9798 បើកបរដោយបុរសម្នាក់ មកពីក្រោយស្របទិសគ្នា ពីត្បូងមកជើងក្នុងល្បឿនលឿន បានបុកពីក្រោយរថយន្ត កូរ៉ូឡា ក្រូស ពេញទំហឹងរួចបាន រយ៉ែរថយន្តថយក្រោយ បួងចង្កូតបើករត់ ក៏ជ្រុលបុកបន្ថែមទៀត រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែករថយន្តបង្កវិញ រងការខូចខាត ខ្ទេចផ្នែកខាងមុខ តែសំណាងល្អ មិនមាននរណាម្នាក់រងគ្រោះថ្នាក់ ៕