ស្រុកថ្មពួក ៖ បុរសម្នាក់ ដើរចូលព្រៃបេះបន្លែ អកុសលជាន់មីនសល់ពីសម័យសង្គ្រាម ផ្ទុះរងរបួសធ្ងន់ ត្រូវបានកងកម្លាំង នគរបាលការពារព្រំដែន និងកម្លាំងយោធា ជួយសង្គ្រោះដឹកបញ្ជូន ទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ១និង២១ នាទីរសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅបន្ទាត់ព្រំដែន ស្ថិតក្នុងភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ចន ជុង ភេទប្រុស ឣាយុ ២៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក មុខរបរជាកសិករ ។ បន្ទាប់ពីបាយថ្ងៃត្រង់រួច ជនរងគ្រោះបានដើររកបេះបន្លែរក្នុងព្រៃ ដកផ្សិត និងជីកទំពាំង បានជាន់ផ្ទុះមីន បណ្តាលឲ្យដាច់ជើងឆ្វេង ។ ក្រោយពីបានឮសំឡេងផ្ទុះមីន កម្លាំងនគរបាល ការពារព្រំដែនប៉ុស្តិ៍អូរសាយ បានសហការជាមួយ កម្លាំងយោធា សឹករងស្រុកថ្មពួក ចុះទៅពិនិត្យកន្លែងមីនផ្ទុះ និងបានចូលទៅជួយសង្គ្រោះ ប្រជាពលរដ្ឋរងគ្រោះ ដោយនាំគ្នាយកអង្រឹង សែងដាក់រថយន្ត បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ស្រុកថ្មពួក ហើយបានបញ្ជូនបន្ត ទៅមន្ទីរពេទ្យខេត្តបាត់ដំបង៕