ខណ្ឌទួលគោក ៖ បុរសម្នាក់ បានរងរបយសធ្ងន់ ដោយសារ ជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្ត កាមរីស៊េរីចាស់មួយគ្រឿង ដែលចតស្ងៀម លើចិញ្ចើមផ្លូវ ហើយបុរសមួយក្រុម បានលើកជនរងគ្រោះ ដាក់លើម៉ូតូកង់បីជិះចេញទៅបាត់ ដោយមិនដឹងថា យកទៅសង្គ្រោះនៅមន្ទីរពេទ្យណា កាលពីវេលាម៉ោង ៣និង៣០ នាទីទៀបភ្លឺ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុច មុខការាស រថយន្តមួយកន្លែង តាមបណ្តោយផ្លូវ៦០៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មុនកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GZ-0800 ធ្វើដំណើរតាមបណ្ដោយផ្លូវ ៦០៨ ពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងស្ដាំដៃ ជ្រុលបុករថយន្តកាមរីស៊េរីចាស់ មួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង 2C-1805 ដែលចតស្ងៀមលើចិញ្ចើមផ្លូវ បណ្ដាលឱ្យដួលបោកទៅនឹងថ្នល់ រងរបួសធ្ងន់។ ខណៈនោះ គេឃើញមានបុរសមួយក្រុម បានមកលើកជនរងគ្រោះ ដាក់លើម៉ូតូកង់បី រួចជិះចេញទៅបាត់ មិនដឹងថា យកទៅសង្គ្រោះ នៅមន្ទីរពេទ្យណា៕