ស្រុកសាលាក្រៅ ៖ បុរសម្នាក់ បានជួបជុំមិត្តភក្តិ ក្នុងភូមិ នាំគ្នាផឹកស៊ី តាំងពីព្រឹក រហូតដល់ពេលល្ងាច ក៏ចែកផ្លូវ ទៅផ្ទះរៀងៗខ្លួន ខណ:ជនរងគ្រោះ ស្រវឹងជោកជាំ លែងដឹងខ្លួន ក៏ចូលទៅក្នុងផ្ទះ ទាញដបថ្នាំពុលបាញ់សម្លាប់សត្វល្អិត ផឹកអស់ ១ដបតូច បណ្តាលឱ្យក្អួតចង្អោរ ពុលបែកពពុះមាត់ ត្រូវបានសាច់ញាតិ ដឹកយកទៅសង្គ្រោះ នៅមណ្ឌលសុខភាព ភ្នំព្រាល បង្កការភ្ញាក់ផ្អើល
កាលពីវេលា ម៉ោង ៥និង៣០ នាទីល្ងាច ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ចំណុចរោងផ្ទះប៉ះកង់ឡាន ស្ថិតនៅក្នុង ភូមិដីសរ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
មន្រ្តីនគរបាល បានឱ្យដឹងថា ជនរងគ្រោះ មាន ឈ្មោះ ដែន ជា ភេទប្រុស អាយុ ៣៣ឆ្នាំ ជាជាងប៉ះកង់ឡាន មានស្រុកកំណើត នៅភូមិបួរសង្គ្រាជ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ដោយមកស្នាក់នៅ បណ្ដោះអាសន្ន ក្នុងភូមិដីសរ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ មុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានជួបជុំមិត្តភក្តិផឹក នៅក្នុងរោងប៉ះកង់ឡាន មុខផ្ទះរបស់ខ្លួន ដោយនាំគ្នាផឹកស្រាតាំងពីព្រឹក រហូតដល់ពេលល្ងាច ក៏ស្រវឹងរៀងៗខ្លួន ហើយជនរងគ្រោះ ក៏បានផឹកស្រាបៀរអស់ជាច្រើនកំប៉ុង បណ្តាលឱ្យស្រវឹងក្រឡេកឃើញដបថ្នាំពុល បាញ់សម្លាប់សត្វល្អិត (កាជីប) ស្មានថា ជាដបទឹកសុទ្ធ ក៏លើកផឹកអស់ ១ដប បណ្តាលឱ្យ ក្អួតចង្អោរ បែកពពុះមាត់ ដួលសន្ល.ប់ស្តូកស្តឹង ត្រូវបានប្រពន្ធឃើញ ក៏ស្រែកហៅឱ្យអ្នកជិតខាង និងអ្នក ភូមិ ជួយរករថយន្ត ដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពភ្នំព្រាល ដើម្បីសង្គ្រោះបានទាន់ពេលវេលា ៕