ខណ្ឌពោធិ៍សែនជ័យ ៖ បុរសម្នាក់ បានស្លាប់ ពេលបញ្ជូនទៅដល់ មន្ទីរពេទ្យ ដោយសារ ជិះម៉ូតូហុងដាឌ្រីម បញ្ច្រាសទិសដៅចរាចរណ៍ ត្រូវបានរថយន្ត តូយ៉ូតាព្រូស បុកចំពីមុខពេញទំហឹង បណ្ដាលឱ្យម៉ូតូរួញចូលគ្នា ហើយអ្នកបើកម៉ូតូ បានប៉ើងធ្លាក់ពីលើស្ពាន កាលពីវេលាម៉ោង ១០និង៣៦ នាទីយប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅចំណុចលើ ស្ពានអាកាសចោមចៅ ស្ថិតក្នុងសង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះ មានឈ្មោះ ឡ សុខហ៊ន ភេទប្រុស អាយុ ៣៧ឆ្នាំ មានស្រុកកំណើត នៅភូមិព្រែកអណ្ដូង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។ មុនកើតហេតុគេឃើញរថយន្តម៉ាក ព្រូស ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2BT-1663 ធ្វើដំណើរតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច លុះបើកឡើងស្ពាន បានជិត ១០០ម៉ែត្រ ក៏បានបុកជាមួយ ម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1J-0868 ចំពីមុខពេញទំហឹង បណ្ដាលឱ្យម៉ូតូរួញចូលគ្នា និងដាច់កង់ខាងមុខចេញពីតួ ខូចខាតយ៉ាងដំណំ ចំណែកជនរងគ្រោះ អ្នកបើកម៉ូតូបានធ្លាក់ពីលើស្ពាន បែកក្បាលរងរបួសធ្ងន់ និងបានស្លាប់ ពេលបញ្ជូនដល់ពេទ្យ៕