ទំនងជាស្រវឹង បើកឡានឆ្លងកាត់ទទឹងផ្លូវ ជ្រុលទៅបុកចូល កន្លែងលក់បាយឆា
​ដោយ វត្តភ្នំ ម៉ោង 09:18
ថ្ងៃទី28 ខែAugust ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌសែនសុខ ៖ បុរសម្នាក់ ទំនងជាស្រវឹង បានបើករថយន្ត ឆ្លងកាត់ទទឹងផ្លូវ ជ្រុលទៅបុកចូល កន្លែងលក់បាយឆា រួចកិនម៉ូតូចំនួន ៤គ្រឿង រងការខូចខាត រួចបន្តទៅបុកផ្ទប់ បង្គោលស្លាកសញ្ញាពេទ្យធ្មេញ កល់ជាប់ ទៅមុខលែងរួច កាលពីម៉ោង ១និង១៥ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅតាមបណ្តោយ ផ្លូវលេខ២៧១ក្បែរផ្សារហេងលី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក Mazda ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-1573 បើកតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងទិសដៅ ពីកើតមកលិច យ៉ាងលឿន មិនដឹងជា មានបញ្ហាអ្វីនោះទេ ស្រាប់តែរេចង្កូត មកខាងឆ្វេងដៃ បើកឆ្លងកាត់ទទឹងផ្លូវ ជ្រុលទៅបុករះ ចូលកន្លែងលក់បាយឆា ហើយកិនម៉ូតូចំនួន ៤គ្រឿង រងការខូចខាត សំណាងល្អ មិនបណ្តាលឲ្យមានអ្នករងរបួស ចំណែកអ្នកបើករថយន្ត ក្រោយកើតហេតុ បានឡុកសោ ដេកក្នុងរថយន្តតែម្តង៕

Loading...