ខេត្តកំពង់ឆ្នាំង ៖ រហូតដល់ព្រឹកថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៣ ប្តីប្រពន្ធ ២នាក់ ដែលបានបាត់ខ្លួន ដោយសារមានភ្លៀង ខ្យល់បោកបក់ជាខ្លាំង បណញតាលឲ្យក្រឡាប់ កាណូតបាឡាស្មាច់ នៅចំណុចកោះចាប ក្នុងភូមិសាស្ត្រ ឃុំពោធិ៍ ស្រុកកំពង់លែង ហើយបុរសជាប្តី បានព្យាយាម ជួយសង្គ្រោះប្រពន្ធ រហូតបាត់ខ្លួនទាំង ២នាក់ ពុំទាន់រកឃើញ នៅឡើយនោះទេ។
អធិការនគរបាល ស្រុកកំពង់លែង បានឲ្យដឹងថា នៅមុនពេលកើតហេតុ ម៉ោងប្រមាណ ៤រសៀល ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋមួយគ្រួសារ ដែលរួមមាន ឪពុក ម្ដាយ និងកូនប្រុស ក៏នាំគ្នាវិលត្រឡប់ ពីចាប់គីង្គក់ នៅចំណុចកោះកណ្ដាល ក្នុងភូមិសាស្ត្រ ភូមិអន្លង់កញ្ចុះ ឃុំប្រឡាយមាស ស្រុកកំពង់លែងវិញ។ ពេលមកដល់ ចំណុចកោះចាប ក្នុងភូមិសាស្ត្រ ឃុំពោធិ៍ ក៏បានមានភ្លៀង ខ្យល់បោកបក់ជាខ្លាំង បណ្តាលឱ្យ កាណូតបាឡាស្មាច់ ក្រឡាប់ ។
បុរសជាប្ដី ចេះហែលទឹក បានព្យាយាម ជួយសង្គ្រោះប្រពន្ធ ដែលមិនចេះហែល រហូតដល់អស់ដៃ អស់ជើង ក៏បានលិច ទៅក្នុងទន្លេបាត់ទៅ។ ចំណែកកូនប្រុស អាយុ ១២ឆ្នាំ ចេះហែលទឹក គឺបានហែលឆ្លង មកដល់ច្រាំងរួចខ្លួន។ ជនរងគ្រោះជាប្តី ឈ្មោះ រ៉េន រិទ្ធ អាយុ ៣៩ឆ្នាំ,ប្រពន្ធឈ្មោះ អេង យីម អាយុ ៤២ឆ្នាំ ទាំង ២នាក់ កំពុងបាត់ខ្លួន ចំណែកកូនប្រុស អាយុ ១២ឆ្នាំ បានរួចផុតជីវិតមានឈ្មោះ ប៉ុន បញ្ញាស័ក ។ គ្រួសារជនរងគ្រោះ មានទីលំនៅភូមិ ដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង៕