ជិះម៉ូតូចេញក្លិប ត្រូវឡានកុងតឺន័រ បើកបុកនិងកិន អូសជាច្រើនម៉ែត្រ ស្លាប់បុរសម្នាក់
​ដោយ វត្តភ្នំ ម៉ោង 10:40
ថ្ងៃទី20 ខែJuly ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ នៅនឹងកន្លែង និងម្នាក់ទៀត រងរបួសធ្ងន់ ដោយសារ ជិះម៉ូតូចេញក្លិបមួយកន្លែង ត្រូវរថយន្តកុងតឺន័រ បើកបុកនិងកិន អូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង ១និង៤០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចមុខក្លិបមួយកន្លែង ស្ថិតនៅតាមបណ្តោយ ផ្លូវចោមចៅ ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ ថន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរជាងដឺគ័រ ស្នាក់នៅ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មានស្រុកកំណើត នៅស្រុកព្រះស្តេច ខេត្តព្រៃវែង ជិះម៉ូតូម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JO-1627 ឌុបបុរសម្នាក់ទៀត ចេញពីក្លិបស្ពាយឌ័រ ចេញមកដល់ផ្លូវចោមចៅ ស្រាប់តែមាន រថយន្តកុងតឺន័រ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A-3572 បើកតាម បណ្តោយផ្លូវចោមចៅ ក្នុងទិសដៅពីកើតទៅលិច ចាប់ហ្វ្រ័ងមិនទាន់ ក៏ជ្រុលទៅបុកនិងកិនម៉ូតូ អូសជាច្រើនម៉ែត្រ បណ្តាលឱ្យភាគីខាងម៉ូតូ ស្លាប់ម្នាក់ភ្លាមៗ និងម្នាក់ទៀត រងរបួសធ្ងន់៕

Loading...