បើកម៉ូតូមិនប្រយ័ត្ន ជ្រុលទៅបុក កុងតឺន័រ កំពុងបត់ចូល ផែស្ងួតសូងួន ស្លាប់ម្នាក់
​ដោយ វត្តភ្នំ ម៉ោង 09:41
ថ្ងៃទី30 ខែJune ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌពោធិ៍សែនជ័យ ៖ បុរសវ័យចំណាស់ម្នាក់ បានស្លាប់នៅនឹងកន្លែង ដោយសារ បើកម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលទៅបុក រថយន្តកុងតឺន័រ ដែលកំពុងបើកបត់ ចូលក្នុងផែស្ងួតសូងួន កាលពីម៉ោង ១១និង២០ នាទីយប់ ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្ដោយផ្លូវវេងស្រេង ខាងមុខផែស្ងួតសូងួន នៅក្នុងសង្កាត់ ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ ឃឹម មឿន អាយុ ៥៣ឆ្នាំ រស់នៅ ក្នុងបុរីពិភពថ្មី ផ្លូវជាតិលេខ៣ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។ មុនពេលកើតហេតុ គេឃើញរថយន្ត សណ្តោងទូកុងតឺន័រ មួយគ្រឿង មិនចាំផ្លាកលេខ ដំណើរតាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច បានបត់ឆ្វេងចូល ទៅក្នុងផែស្ងួតសូងួន ជិតនឹងផុតផ្លូវទៅហើយ ស្រាប់តែមានម៉ូតូ ម៉ាកហុងដា ឃ្លីកពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HS-0827 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច ជ្រុលទៅបុកពីក្រោយ រថយន្តកុងតឺន័រ ដួលបោកក្បាលនឹងថ្នល់ ស្លាប់នៅនឹងកន្លែង៕

Loading...