ខណ្ឌព្រែកព្នៅ ៖ ស្ត្រីម្នាក់ជាមន្ត្រីនគរបាល ឈ្មោះ វី ស្រីរ៉ែន ហៅអាខួច មិនដឹងជា មានវិបត្តិអ្វី បានបាញ់ប្រហារ បញ្ចប់ជីវិតខ្លួនឯង បង្កការភ្ញាក់ផ្អើល នៅក្នុងផ្ទះវីឡា មួយកន្លែង ស្ថិតនៅតាម បណ្តោយផ្លូវបេតុង ភូមិសំរោង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅវេលាម៉ោង ៦ ព្រឹកថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២៣ ។
សពជនរងគ្រោះ មានឈ្មោះ វី ស្រីវ៉ែន ភេទស្រី អាយុ ២១ឆ្នាំ មុខរបរ ជាមន្រ្តីនគរបាល ផ្នែកអន្តោប្រវេសន៍ នៃអធិការដ្ឋាន នគរបាល ខណ្ឌព្រែកព្នៅ អត្តលេខ 91377 ។ គេមិនទាន់បានដឹង អំពីមូលហេតុ នៅឡើយទេ ប៉ុន្តែស្ត្រីខាងលើ បានបន្សល់ទុក បណ្តាំមួយសន្លឹក បញ្ជាក់យ៉ាងដូច្នេះថា : កូនសុំទោសម៉ាក់ប៉ា កូនលាហើយ ! កូនមិនអាចរស់នៅ បានទៀតទេ កូនជាមនុស្សមិនល្អ ប៉ាម៉ាក់មិនសម មានកូនបែបនេះទេ ។ ហើយកាំភ្លើងនេះ កូនខ្ចីបង អូនគេអត់ជាប់ពាក់ព័ន្ធទេ កាំភ្លើងឲ្យគាត់វិញផង កូនសូមទោសហើយ មិនបាច់ធ្វើបុណ្យឲ្យកូនទេ កុំឱ្យអស់លុយ កូនលាហើយប៉ាម៉ែ ជាមនុស្ស លាប្អូនទាំង ៤ នាក់ លាលោកកុង ចៅសុំទោស គ្មានអ្នកណាពាក់ព័ន្ធទេ ខ្ញុំសម្រេចចិត្តខ្លួនឯង។
ទោះជាសមត្ថកិច្ច មិនទាន់បញ្ជាក់ អំពីករណីបាញ់សម្លាប់ខ្លួននេះ ក៏ដោយ ប៉ុន្តែមន្ត្រីមូលដ្ឋាន បានសន្និដ្ឋានជាបឋមថា អាចមានបញ្ហាក្នុងគ្រួសារ ឬវិបត្តិផ្លូវចិត្ត៕