ឃាត់ខ្លួនបុរស ៣នាក់ ករណីឃាតកម្ម សម្លាប់កាត់ក្បាលជនជាតិចិន
​ដោយ វត្តភ្នំ ម៉ោង 08:03
ថ្ងៃទី3 ខែJune ឆ្នាំ2023
សន្តិសុខ និងសង្គម

រាជធានីភ្នំពេញ ៖ ករណីឃាតកម្ម ប្រទះឃើញ សាកសពបុរសជនជាតិចិន អត់ក្បាល ដេកស្លាប់ ក្នុងវាលស្រែ ស្ថិតនៅភូមិតាពន់ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១និង២៧ នាទីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ ត្រូវបានកម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ដឹកនាំការស្រាវជ្រាវ និងឈានដល់ ការចាប់ខ្លួន ជនដៃដល់ចំនួន ៣នាក់ នៅចំណុចទ្បដុតធ្យូង ស្ថិតនៅភូមិរុងរឿង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ហើយបានប្រគល់ឱ្យ ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម ចាត់ការបន្តតាមនីតិវិធី។

ជនដែលត្រូវឃាត់ខ្លួន ទី១-ឈ្មោះ តាំង ចេងម៉េង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ ២-ឈ្មោះ ហឹម លីសា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ៣-ឈ្មោះ ប្រាង សិទ្ធ ហៅ ហិន សិត ហៅ ហ៊ិន ជាពីសិដ្ឋ ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ភូមិពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។វត្ថុតាងដកហូត រួមមាន រថយន្តមួយគ្រឿងម៉ាក កាមរី, អាវុធ អាកា០១ដើម, អាវុធ សេកាសេ ០២ដើម, អាវុធ កែច្នៃ០២ដើម និងគ្រាប់មួយចំនួន។

ជនសង្ស័យខាងលើ បានសារភាពថា កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០១ រំលងអធ្រាត្រ ពួកខ្លួនពិតជា បានធ្វើសកម្មភាព សម្លាប់ជនរងគ្រោះ ឈ្មោះ WU SONG ហៅ ស្វិត ហៅ សុង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន មុខរបរ ម៉ៅការសំណង់ ពិតប្រាកដមែន ពេលជនរងគ្រោះ ជិះរថយន្ត ជាមួយពួកខ្លួន ចេញពីការដ្ឋាន ខេត្តពោធិ៍សាត់ ហើយដឹងថា ជនរងគ្រោះទើបបើកប្រាក់បាន ពួកខ្លួនក៏មានគំនិត សម្លាប់ជនរងគ្រោះ ដោយយកកន្សែងរឹតក និងយកពូថៅ កាត់ក្បាលតែម្តង។ មូលហេតុ ដោយសារតែ ខឹងនឹងជនរងគ្រោះ ជំពាក់ប្រាក់មិនសង។ ក្រោយពីធ្វើសកម្មភាពសម្លាប់រួចហើយ ពួកខ្លួនបានយកក្បាល ច្រកចូលក្នុងកាបូបខ្មៅមួយ ហើយយកទៅបោះចោល នៅចំណុចស្រះ មួយកន្លែង ស្ថិតនៅ ឃុំកំពង់ថ្ម ស្រុកបារាយណ៍ ខេត្តកំពង់ធំ ចំណែកពូថៅ យកទៅបោះចោល នៅស្ពានត្រស់ ស្ថិតក្នុងស្រុកបាធាយ ខេត្តកំពង់ចាម៕

Loading...