បើកឡានលឿនមិនប្រយ័ត្ន ឡើងលើខឿន ទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ក្រឡាប់ផ្ងារជើង
ខណ្ឌដូនពេញ ៖ បុរសម្នាក់ បើករថយន្ត យ៉ាងលឿនមិនប្រយ័ត្ន បួងចង្កូតឡើងលើខឿនផ្លូវ ទៅបុក បង្គោលភ្លើងបំភ្លឺផ្លូវ បាក់អស់មួយដើម រាបដល់ដី នៅវេលាម៉ោង ៣និង៣០ នាទី ទៀបភ្លឺឈានចូល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅតាម បណ្តោយផ្លូវ R៨ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
រថយន្តបង្កម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 2C-1777 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយ មនុស្សប្រុសស្រី ២នាក់ទៀត ធ្វើដំណើរ តាមបណ្ដោយផ្លូវ R៨ ក្នុងទិសដៅ ពីលិចទៅកើតយ៉ាងលឿន ពុំដឹងជាមានបញ្ហាអ្វីនោះទេ ស្រាប់តែរេចង្កូត ទៅខាងស្តាំដៃ ឡើងលើខឿនផ្លូវ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ មួយដើម ពេញទំហឹង បាក់រាបដល់ដី ចំណែកឯរថយន្តបង្ក បានក្រឡាប់ផ្ងារជើង តែសំណាងល្អ មិនមានគ្រោះថ្នាក់ ដល់នរណាម្នាក់ទេ៕
Loading...