ជិះម៉ូតូលឿនមិនប្រយ័ត្ន ជ្រុលទៅបុកឡាន កំពុងបត់ឆ្វេងឆ្លងផ្លូវ បាត់បង់ជីវិតម្នាក់
​ដោយ វត្តភ្នំ ម៉ោង 10:58
ថ្ងៃទី15 ខែMay ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌជ្រោយចង្វា ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ និងម្នាក់ទៀត រងរបួសស្រាល ដោយសារ ជិះម៉ូតូឌុបគ្នាយ៉ាងលឿន មិនប្រយ័ត្ន ជ្រុលទៅបុករថយន្ត មួយគ្រឿង ដែលកំពុង បត់ឆ្វេងឆ្លងផ្លូវ កាលពីវេលាម៉ោង ៤ ទៀបភ្លឺឈានចូល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ត្រង់ចំណុច ក្បែរស្ពានទី៦ តាមបណ្ដោយ ផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ខន ដាវីត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត។ ចំណែកឯជនរងគ្រោះ ដែលរងរបួស ឈ្មោះ វិត ចិត្រា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ ពួកគេទាំងពីរនាក់ មានស្រុកកំណើត នៅភូមិជើងព្រៃ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

មុនដំបូង គេឃើញរថយន្ត ម៉ាក FORD RANGER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BO-3069 បើកតាមបណ្តោយ ផ្លូវជាតិលេខ៦ ក្នុងទិសដៅ ពីត្បូងទៅជើង បានបត់ឆ្វេង ឆ្លងទៅផ្លូវបេតុង ជិតផុតទៅហើយ ស្រាប់តែមានម៉ូតូ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1GX-5919 បើកតាមបណ្តោយផ្លូវជាតិលេខ៦ ទិសដៅបញ្រ្ចាសគ្នា ជាមួយរថយន្ត ក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុករថយន្តចំផ្នែកខាងក្រោយ ចំហៀងខាងស្ដាំ ពេញទំហឹង បណ្តាលឱ្យអ្នកបើកម៉ូតូបែកក្បាលស្លាប់ភ្លាមៗ៕

Loading...