ខណ្ឌបឹងកេងកង ៖ បុរសម្នាក់ ទំនងជាស្រវឹង បានបើករថយន្ត ម៉ាក LEXUS RX350 ក្នុងល្បឿនលឿន ជ្រុលទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឱ្យបាក់របាំងថ្ម មួយកង់ ខ្ទាតមកចំហៀង ផ្លូវម្ខាងទៀត រីឯរថយន្តបង្ក ខ្ទេចមួយចំហៀងខាងមុខ ផ្នែកខាងឆ្វេង យ៉ាងដំណំ កាលពីវេលាម៉ោង ១០និង៣០ នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅចំណុចក្បែរ ភ្លើងស្តុបចំការមន តាមបណ្ដោយ ផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។
មុនកើតហេតុ គេឃើញ រថយន្តម៉ាក LEXUS RX350 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ 2D-1134 បើកតាមបណ្ដោយ ផ្លូវព្រះនរោត្ដម ទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន ស្រាប់តែរេចង្កូត ទៅបុករបាំងថ្ម ពុះចែកទ្រូវផ្លូវពេញទំហឹង បណ្ដាលឱ្យរបាំងថ្ម ខ្ទាតមកកណ្ដាលផ្លូវ ចំហៀងម្ខាងទៀត ហើយរថយន្តបង្ក បានដាច់កាឡេកង់មុខ ផ្នែកខាងឆ្វេង និងកាងមុខ រងការខូចខាតយ៉ាងដំណំ តែមិនបណ្តាលឱ្យ មនុស្សណាម្នាក់ រងរបួសទេ៕