ខណ្ឌពោធិ៍សែនជ័យ ៖ ក្រុមចោរ ២នាក់ បានរងរបួស និងត្រូវបានចាប់ខ្លួន និងមន្ត្រីនគរបាលម្នាក់ បានរបួសជើង ដោយដារការផ្ទុះអាវុធ ពេលដែល កម្លាំងនគរបាលព្រហ្មទណ្ឌ បានឡោមព័ទ្ធ ចាប់ ក្រុមចោរកាច់កម៉ូតូ និងលួចរថយន្ដ នៅវេលាម៉ោងប្រមាណ ១១ ព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ នៅក្បែរវត្តអង្គតាមិញ ក្នុងភូមិសាស្ដ្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ច បានឲ្យដឹងថា មុនឈានដល់ ការប៉ះទង្កិចគ្នានេះ កម្លាំងសមត្ថកិច្ច ក្ដាប់បាននូវមុខសញ្ញាជនល្មើស ហើយនៅពេលឡោមព័ទ្ធ ស្រាប់តែក្រុមជនល្មើស បានបាញ់ស្រោច មកលើសមត្ថកិច្ច បណ្ដាលឲ្យ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាលម្នាក់ រងរបួសចំជើង។ នៅពេលនោះ កម្លាំងនគរបាលជំនាញ បានប្រើប្រាស់សិទ្ធិការពារខ្លួន និងបានបាញ់តបតវិញ បណ្ដាលឱ្យជនល្មើសម្នាក់ រងរបួស និងម្នាក់ទៀត ត្រូវបានចាប់ខ្លួន។ សរុបជនល្មើស ២នាក់ ត្រូវបានចាប់ខ្លួន ហើយសមត្ថកិច្ច កំពុងបន្តនីតិវិធី នាំខ្លួនក្រុមជនសង្ស័យ ធ្វើការសាកសួរ និងជួយព្យាបាល ជាបណ្ដោះអាសន្ន ដើម្បីបន្តធ្វើការស៊ើបអង្កេត ស្រាវជ្រាវ រកមុខសញ្ញាបន្តទៀត៕