ខណ្ឌមានជ័យ ៖ ស្ត្រីមេម៉ាយម្នាក់ មានជំងឺប្រចាំកាយ ហើយបានប្រើកូនស្រី ឱ្យទៅទិញថ្នាំពេទ្យ មកលេប ពេលកូនស្រីត្រឡប់មកវិញ ស្រាប់តែម្ដាយ ដាច់ខ្យល់ ស្លាប់ក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង៣០ នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅក្នុងបន្ទប់ជួល ក្រោយអតីត ស៊ីឡាំងហ៊ួ ភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមាន ឈ្មោះ សុង ចំរើន ភេទស្រី អាយុ ៥៥ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅបន្ទប់ជួល ម្តុំក្រោយអតីត ស៊ីឡាំងហ៊ួ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ កូនស្រីវ័យ ១០ឆ្នាំ របស់សពរងគ្រោះ បានឱ្យដឹងថា ស្ត្រីខាងលើ គឺជាស្ត្រីមេម៉ាយ មានកូន ២នាក់ ប្តីទើបតែស្លាប់ចោល ប៉ុន្មានខែមុននេះ។ ជនរងគ្រោះ មានជំងឺប្រចាំកាយ ដូចជាជំងឺបេះដូង និងជំងឺផ្សេងៗទៀត ហើយប៉ុន្មានថ្ងៃចុងក្រោយនេះ ស្ត្រីរងគ្រោះ ចេះតែត្អូញត្អែរពីជំងឺ តែមិនហ៊ានទៅមន្ទីរពេទ្យទេ ដោយសារតែអត់លុយ សុខចិត្តឱ្យកូនទៅទិញថ្នាំ ឱ្យលេប តែលុយដែលគាត់ មានតិចតួច ក្នុងខ្លួនប៉ុណ្ណោះ រហូតដេកស្លាប់ នៅក្នុងបន្ទប់ជួល៕