ខណ្ឌទួលគោក ៖ បុរសម្នាក់ បើករថយន្ត ម៉ាក Ford Ranger ពាក់ផ្លាកលេខរដ្ឋ មួយគ្រឿង បំពានភ្លើងស្តុប ត្រូវបានម៉ូតូ ២គ្រឿង ជិះលឿន បុកពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ ៣នាក់ និងស្រាលម្នាក់ កាលពីវេលាម៉ោង ១២ យប់រំលងអាធ្រាត ឈានចូល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចស្តុប ការ៉ាស់សាំង តូតាល់ តាមបណ្ដោយផ្លូវ១៨២ កែងនឹងផ្លូវ ២៦១ ស្ថិតក្នុងសង្កាត់ ទឹកល្អក់ទី ២ ព្រំប្រទល់ និងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មិត្តភក្កិជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ ពួកគេគ្នាមានគ្នា ៦នាក់ ប្រុស៥ ស្រី១ ជិះម៉ូតូ ៣គ្រឿង ក្នុងមួយគ្រឿងជិះគ្នា ២នាក់ ធ្វើដំណើរតាម បណ្ដោយផ្លូវ២៦១ ទើសដៅពីត្បូងទៅជើង លុះមកដល់ចំណុច ស្តុបភ្លើងបៃតង ក៏បន្តដំណើរទៅមុខទៀត ពេលនោះស្រាប់តែ មានរថយន្ត Ford Ranger ពណ៌សពាក់ផ្លាក លេខ រដ្ឋ 32-2-0405 បើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវ ១៨២ ទិសដៅពីកើតទៅលិច ដោយបំពានភ្លើងស្តុប ក៏ត្រូវម៉ូតូ ២គ្រឿង ជិះនៅខាងមុខ ចាប់ហ្វ្រាំងមិនទាន់ ជ្រុលបុកពីចំហៀង រថយន្តខាងស្ដាំ ពេញទំហឹង បណ្ដាលឱ្យដួល បោកទៅនឹងថ្នល់ របួសធ្ងន់ ៣ នាក់និងស្រាលម្នាក់ ៕