ចិនបើកឡានលឿន បុកម៉ូតូពីក្រោយ អូសជាច្រើនម៉ែត្រ របួសធ្ងន់ ៤នាក់
​ដោយ វត្តភ្នំ ម៉ោង 09:49
ថ្ងៃទី26 ខែMarch ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌសែនសុខ ៖ កូនតូចប្រុសស្រី ២នាក់ និងម្ដាយឪពុក ២នាក់ទៀត បានរងរបួសធ្ងន់ ដោយសារ កំពុងជិះម៉ូតូឌុបគ្នាសុខៗ ស្រាប់តែមានរថយន្ត TUNDRA បើកបរដោយ បុរសជនជាតិចិន ក្នុងល្បឿនលឿន មកបុកពីក្រោយពេញទំហឹង បណ្តាលឱ្យដួល អូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង ១១និង២០ នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុច មុខអគារក្រុមហ៊ុន ប៊ូយ៉ុងថោន តាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយរថយន្តបង្ក បានព្យាយាមបើករត់ រហូតដល់មុខណា ហ្គាវើល២ ស្ថិតក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបាន ប្រជាពលរដ្ឋ ចាប់បាន ប្រគល់ជូនសមត្ថកិច្ច។

មុនកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូហុងដាឃ្លីក មួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IB-3418 មានគ្នាបួននាក់ កូនតូចប្រុសស្រី ២នាក់ និងឪពុកម្ដាយ ២នាក់ ធ្វើដំណើរក្នុងទិសដៅ ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តម៉ាក TUNDRA ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BH-9676 បើកបរដោយ បុរសជនជាតិចិនម្នាក់ មកពីក្រោយក្នុងល្បឿនលឿន បានជ្រុលទៅបុកម៉ូតូ ពេញទំហឹងបណ្ដាលឱ្យដួល អូសទាំងម៉ូតូ និងជនរងគ្រោះ រដូករណែលពេញផ្លូវ រងរបួសធ្ងន់ទាំង ៤នាក់ ត្រូវបានដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យគន្ធបុប្ផា ចំណែកឪពុកម្ដាយ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យឯកជន៕

Loading...