ឡាន Mercedes ពាក់ស្លាកលេខ ខេមរភូមិន្ទ 06-2-9751 វ៉ាជែងមិនប្រយ័ត្ន បុកម៉ូតូ ស្លាប់បុរសម្នាក់
​ដោយ វត្តភ្នំ ម៉ោង 10:59
ថ្ងៃទី24 ខែMarch ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌទួលគោក ៖ បុរសម្នាក់ បានបែកក្បាល ស្លាប់នៅក្នុងថ្លុកឈាម ដោយសារ នារីម្នាក់បើករថយន្ត ម៉ាក Mercedes ពាក់ស្លាកលេខ ខេមរភូមិន្ទ ក្នុងល្បឿនលឿន វ៉ាជែងរថយន្ត មួយគ្រឿងទៀត ជ្រុលទៅបុក ចំពីមុខម៉ូតូពេញទំហឹង កាលពីវេលាម៉ោង ១០និង៣០ នាទីយប់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២៣ នៅតាមបណ្ដោយ ផ្លូវលេខ២៦១ ខណ្ឌទួលគោក ស្ថិតក្នុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សពជនរងគ្រោះ មានឈ្មោះ ស៊ីន សម្បត្តិ ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅ ផ្ទះលេខ១៥១ ផ្លូវលេខ២១៧ ភូមិ៥ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ជិះម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IS-4408 ធ្វើដំណើរ ក្នុងទិសដៅ ពីជើងទៅត្បូង ក៏មានរថយន្ត Mercedes ពណ៌ប្រផេះ ពាក់ស្លាកលេខ ខេមរភូមិន្ទ 06-2-9751 បើកបរដោយនារីម្នាក់ បញ្ច្រាសទិសដៅគ្នា ពីត្បូងទៅជើង បានបើកវ៉ាជែង រថយន្តមួយគ្រឿងទៀត មិនប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូ ចំពីមុខពេញទំហឹង បណ្តាលជនគ្រោះ បោកក្បាលផ្ទប់ នឹងកញ្ចក់រថយន្ត ផ្លោងធ្លាក់មកបោកនឹងថ្នល់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ៕

Loading...