ឌុបសង្សារមកពីស្រុកកំណើត ទៅបុកឡានកំពុងឆ្លងផ្លូវ បោកក្បាលស្លាប់ភ្លាមៗ
​ដោយ វត្តភ្នំ ម៉ោង 10:44
ថ្ងៃទី20 ខែMarch ឆ្នាំ2023
សន្តិសុខ និងសង្គម

ខណ្ឌសែនសុខ ៖ បុរសម្នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកនារីម្នាក់ទៀត បានរងរបួសស្រាល ដោយសារ បើកម៉ូតូលឿន ជ្រុលទៅបុករថយន្ត កំពុងបើកឆ្លងផ្លូវ បោកក្បាលនឹងកញ្ចក់រថយន្ត កាលពីម៉ោង ១២និង១៥ នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ ភ្នំពេញហាណូយ កែងផ្លូវលេខ១៩៧០ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា សពជនរងគ្រោះ មានឈ្មោះ ធា មានអាយុ ជាង ៣០ឆ្នាំ រស់នៅ ខេត្តកំពង់ចាម។ នារីជាម្ចាស់រថយន្ត បានឲ្យដឹងថា មុនពេលកើតហេតុ នាងបានបើករថយន្ត ម៉ាក TOYOTA Vitz ពណ៌ស ទើបនឹងទិញ មិនទាន់កឹបស្លាកលេខ បើកចេញពីផ្លូវលេខ១៩៧០ ក្នុងទិសដៅ ពីកើតទៅលិច រួចក៏បានបើកឆ្លងកាត់ ផ្លូវភ្នំពេញហាណូយ ចូលទៅផ្លូវបេតុង មួយខ្សែទៀត គោលបំណង ត្រឡប់ទៅផ្ទះវិញ ដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានម៉ូតូម៉ាក ហុងដា ZOOMERX ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ កណ្តាល 1L-1037 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនឹងនារីម្នាក់ទៀត ត្រូវជាសង្សារ ធ្វើដំណើរតាមបណ្ដោយផ្លូវ ភ្នំពេញ ហាណូយ ក្នុងទិសដៅ ពីជើងមកត្បូងយ៉ាងលឿន ចាប់ហ្រ្វាំងមិនទាន់ជ្រុល ទៅបុករថយន្ត ដែលបើកឆ្លងផ្លូវ ចំពាក់កណ្ដាល ចំហៀងខាងស្ដាំ បណ្ដាលឲ្យដួលបោកក្បាល ផ្ទប់នៅនឹងរថយន្ត ស្លាប់នៅកន្លែងកើតហេតុ៕

Loading...