កាប់ប្រពន្ធ ជាច្រើនកាំបិតខ្វែវ សន្លប់ស្តូកស្តឹង ហើយរត់ទៅចងកបញ្ចប់ជីវិត
​ដោយ វត្តភ្នំ ម៉ោង 14:39
ថ្ងៃទី14 ខែMarch ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកពារាំង ៖ បុរសម្នាក់ បានកាប់ប្រពន្ធ ជាច្រើនកាំបិតខ្វែវ ដេកដួលសន្លប់ស្តូកស្តឹង នៅក្នុងថ្លុកឈាម ហើយជនដៃដល់ បានរត់ឡើងទៅលើផ្ទះ ចងកសម្លាប់ខ្លួន ដោយមិនដឹងថា តើប្តីប្រពន្ធទាំង ២នាក់នេះ មានរឿងអ្វីនឹងគ្នានោះទេ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង១៥ នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្ទះ របស់ឈ្មោះ គល់ សែន ស្ថិតក្នុងភូមិទន្លេជ្រៃខ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។

ជនបង្កដែលត្រូវជាប្តី មានឈ្មោះ ឃាម ឃន អាយុ ៤៦ឆ្នាំ បានចងក ស្លាប់នៅលើផ្ទះ។ ចំណែកស្ត្រីជាប្រពន្ធ ដែលជាជនរងគ្រោះ មានឈ្មោះ ហឿន សុភា អាយុ ៤០ឆ្នាំ ត្រូវបុរសជាប្តី កាប់ត្រូវចំនួន ៥កាំបិតខ្វែវ គឺត្រូវចំក្បាល២ កាំបិត,ត្រចៀកឆ្វេង ១កាំបិត, ស្មាស្តាំ១កាំបិត និងថ្លើមដៃស្តាំ ១កាំបិត ហើយត្រូវបានសាច់ញាតិ បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ។

សមត្ថកិច្ច បានឱ្យដឹងថា ស្ត្រីរងគ្រោះនិងប្តី ជាជនបង្ក រស់នៅជាមួយគ្នាតែ ២នាក់ ចំណែកកូនៗ គេមានប្តីប្រពន្ធ និងបែកផ្ទះរស់នៅរៀងៗខ្លួនអស់ហើយ។ នៅពេលកើតហេតុ ស្ត្រីរងគ្រោះនិងប្តី បាននាំគ្នាទៅអង្គុយលេង នៅផ្ទះឈ្មោះ គល់ សែន ដែលជាញាតិជិតខាង ហើយមិនដឹងថា មានរឿងទាស់ទែងគ្នាអ្វីនោះទេ ស្រាប់តែបុរសជាប្តី បានស្ទុះទៅយកកាំបិតខ្វែវ មកកាប់ស្ត្រីជាប្រពន្ធត្រូវ ១កាំបិត។ ភ្លាមនោះ ប្រពន្ធបានស្ទុះរត់គេចតែត្រូវប្តី រត់ដេញតាមពីក្រោយ កាប់ត្រូវផ្ទួនៗ ៤កាំបិតទៀត បណ្តាលឱ្យដួលដេក នៅក្នុងថ្លុកឈាម។ ពេលឃើញប្រពន្ធ លែងដឹងខ្លួនបែបនេះ ស្មានតែស្លាប់ហើយ បុរសជាប្តី បានរត់ទៅផ្ទះ ចងកសម្លាប់ខ្លួនតាមក្រោយ៕

Loading...