ខេត្តតាកែវ ៖ កម្លាំងអធិការដ្ឋាន នគរបាល ស្រុកត្រាំកក់ វេលាម៉ោង ០៩និង០០ នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ បានចំនួន ០៣នាក់ ពាក់ព័ន្ធករណី ឃាតកម្ម ប្រព្រឹត្តកាលពី ថ្ងៃទី២១ ខែមករាឆ្នាំ ២០២៣ វេលាម៉ោង ០២ រំលងអាធ្រាតុ នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ លេខ៦៧-៦៨ ស្ថិតក្នុងភូមិស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។
សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ បង្កឡើងដោយ ជនសង្ស័យមួយក្រុម មានគ្នាចំនួន ០៥នាក់ជិះម៉ូតូ០២ គ្រឿង ម៉ាកឌ្រីមសង់ សេ១២៥ មួយគ្រឿង និងម៉ាក អ៊ិចស៊ិនទរ័ មួយគ្រឿង បានធ្វើសកម្មភាព យកដុំថ្មគប់ទៅលើ ជនរងគ្រោះ ឈ្មោះ គង់ ចំរើន ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ពេលកំពុងបើកម៉ូតូឌុបគ្នា ជាមួយឈ្មោះ គឺ ជា ភេទប្រុស អាយុ ២៧ ឆ្នាំ ទីលំនៅ ភូមិស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ បណ្ដាលឲ្យត្រូវមួយដុំថ្ម ចំទ្រូង រងរបួសធ្ងន់ ដួលធ្លាក់ពីលើម៉ូតូ ត្រូវបានមិត្តភក្កិ និងក្រុមគ្រួសារ ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យក្រុងដូនកែវ តែជាអកុសល ជនរងគ្រោះបានស្លាប់ ក្រោយពីដឹក ដល់មន្ទីរពេទ្យ។
ជនសង្ស័យ ០៣នាក់ ក្នុងចំណោមបក្ខពួក ០៥នាក់ ដែលបានឃាត់ខ្លួន ទី១-ឈ្មោះ ប្រាក់ វិដន ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ទី២-ឈ្មោះគូ កក្កដា ហៅកាក់ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅ ភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ និងទី៣-ឈ្មោះ ហ៊ឹម ប៊ុននី ហៅនុយ ភេទប្រុសអាយុ ១៩ឆ្នាំ នៅភូមិពេជ្រចង្វា ឃុំបឹងត្រាញខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។ ចំណែកជនសង្ស័យ ០២នាក់ទៀត ដែលកំពុងគេចខ្លួន ទី១-ឈ្មោះ សេង រ៉ានុត ភេទប្រុស អាយុ ២៩ឆ្នាំ នៅភូមិត្រពាំងវែង ឃុំបឹងត្រាញខាងត្បូង ស្រុកសំរោង និងទី២-ឈ្មោះ ប្រាក់ ប្រុសពៅហៅស៊ុត ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិត្រពាំងវែង ឃុំបឹងត្រែងខាងត្បូង ស្រុកសំរោង៕