ករណីប្រើខ្សែរហ្វ្រាំងរឹតក ប៉ុនប៉ងប្លន់ឡានតាក់ស៊ី ឃាត់ខ្លួនបាន ២នាក់ហើយ
​ដោយ វត្តភ្នំ ម៉ោង 09:45
ថ្ងៃទី2 ខែMarch ឆ្នាំ2023
សន្តិសុខ និងសង្គម

រាជធានីភ្នំពេញ ៖ កម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ បានសហការជាមួយ ស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ និងស្នងការដ្ឋាន នគរបាល ខេត្តត្បូងឃ្មុំ បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន ០២នាក់ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ ពាក់ព័ន្ធករណី រឹតកប៉ុនប៉ង ប្លន់រថយន្ត ។

គួររំលឹកថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២២និង៣០ នាទី នៅចំណុច ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានជនសង្ស័យចំនួន ០៣នាក់ បានហៅរថយន្ត តាក់ស៊ី តាមរយៈ អេប របស់ជនរងគ្រោះ ឈ្មោះ លាប កំសាន្ត ឱ្យដឹកពួកគេទៅក្លិប X ZOOM នៅម្ដុំផ្សារចោមចៅ។ ពេលធ្វើដំណើរ ដល់ចំណុចកើតហេតុ ក៏ត្រូវជនសង្ស័យ ចំនួន០៣នាក់ ធ្វើសកម្មភាព យកខ្សែហ្វាំង កង់រឹតកជនរងគ្រោះ ប៉ុន្តែជនរងគ្រោះ បានចាប់ទាន់ ក៏បានរេចង្កូតរថយន្ត ទៅបុកគូទរថយន្តកូរ៉េ បណ្តាលឱ្យខូចខាត ផ្នែកខាងមុខ ហើយជនសង្ស័យ ទាំង ០៣នាក់ បានរត់គេចខ្លួន បាត់តែម្ដង។

ជនសង្ស័យ ទី១-ឈ្មោះ ឆន ចំរើន ហៅរាជ ភេទប្រុស អាយុ ២២ឆ្នាំ នៅចំណុច ភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ទី២-ឈ្មោះ សុខ បញ្ញា នៅចំណុច ភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ បច្ចុប្បន្ននេះ កម្លាំងនាយកដ្ឋាន កំពុងបន្តស្វែងរក បក្ខពួកម្នាក់ទៀត ឈ្មោះ អន ជីអឺ ហៅអេ ភេទប្រុស អាយុ ១៨ឆ្នាំ ដើម្បីនាំមកកាន់ នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ចាត់ការបន្តតាមនីតិវិធី៕

Loading...