ខឹងចៅយកដៃលូកព្រីភ្លើងលេង មួលកសម្លាប់ហើយយកសព ទៅបោះចោល នៅក្នុងស្រះ
​ដោយ វត្តភ្នំ ម៉ោង 14:28
ថ្ងៃទី15 ខែFebruary ឆ្នាំ2023
សន្តិសុខ និងសង្គម

ស្រុកពួក ៖ សមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យ ជាជីតាបង្កើត ដែលបានមួលក សម្លាប់ចៅប្រុស ហើយយកសព ទៅបោះចោល នៅក្នុងស្រះទឹកក្បែរផ្ទះ ដោយសារខឹងចៅ យកដៃលូកព្រីភ្លើងលេង ហាមមិនស្តាប់ កាលពីវេលាម៉ោង ១៦និង៣០ នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប

ជនជាប់សង្ស័យ មានឈ្មោះ ថ្ម ក្រាក់ អាយុ ៥២ឆ្នាំ មានទីកន្លែងកំណើត និងទីលំនៅ បច្ចុប្បន្ន ភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។ បើតាមអង្គហេតុ គឺនៅវេលាម៉ោង ១៨ និង១៥ នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាល ប៉ុស្តិ៍ឃុំល្វា ទទួលបានព័ត៌មានថា មានករណី ក្មេងលង់ស្រះទឹក នៅត្រង់ចំណុចភូមិជ្រាស់ ឃុំល្វា ស្រុកពួក ដែលមានសាកសពកុមារាម្នាក់ ឈ្មោះ តាំ រតនា ឆ្នាំកំណើត ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។ ដោយមានការសង្ស័យ មានជាប់ពាក់ព័ន្ធ បទល្មើសព្រហ្មទណ្ឌ សមត្ថកិច្ច ក៏បានណែនាំដល់ ក្រុមគ្រួសារ រក្សាសាកសព ដើម្បីឱ្យសមត្ថកិច្ច នគរបាលជំនាញ និងគ្រូពេទ្យ ចុះពិនិត្យឱ្យបានច្បាស់លាស់ តាមនីតិវិធី។

បន្ទាប់មក នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២៣ កម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់, ការិយាល័យ បច្ចេកទេសវិទ្យាសាស្ត្រ និងក្រុមគ្រូពេទ្យ បានសហការ ជាមួយកម្លាំង នគរបាលស្រុកពួក ចុះដល់ទីតាំងខាងលើ ពិនិត្យសាកសព និងពិនិត្យវិភាគកន្លែងកើតហេតុ នៅចំណុចស្រះទឹក មានចម្ងាយពីផ្ទះសព ប្រហែល ២៥០ម៉ែត្រ។ សាកសព បានបាក់ក មានស្នាមជាំ ក្រោមត្រចៀកខាងស្តាំ, ឆ្អឹងស្មាទាំងសងខាង ភ្លាត់ចេញពីគ្នា, ស្នាមជាំ ក្រោមឆ្អឹងជំនីរខាងស្តាំ និងមានលាមក ចេញតាមរន្ធគូថ។ តាមការសាសួរ ជនសង្ស័យ ឈ្មោះ ថ្ម ក្រាក់ បានសារភាពថា ខ្លួនពិតជាបានជ្រុលដៃ សម្លាប់ជនរងគ្រោះ ដែលជាចៅពិតមែន ព្រោះខឹង យកដៃលូកព្រីភ្លើងលេង៕

Loading...