ខណ្ឌសែនសុខ ៖ យុវជនម្នាក់ បានស្លាប់ និងម្នាក់ទៀត របួសធ្ងន់ ដោយសារ រថយន្តដឹកដី បើកកៀរឱ្យដួល រួចកិនពីលើ ពេលកំពុង ជិះម៉ូតូឌុបគ្នា ចេញពីកម្មវិធី ខួបកំណើតមិត្តភក្តិ ក្នុងគោលបំណង ត្រឡប់ទៅផ្ទះវិញ កាលពីវេលាម៉ោង ១និង៤០ នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅត្រង់ចំណុច អតីតភ្លើងស្តុប ណូគា តាមបណ្ដោយ ផ្លូវលេខ២៧១ កែងនឹងផ្លូវលេខ២០០៤ ក្នុងសង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះ ដែលស្លាប់ មានឈ្មោះ សេត សាលី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាអ្នកដឹកជញ្ជូន តាមអនឡាញ ស្នាក់នៅ បន្ទប់ជួល ក្នុងសង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ មានទីលំនៅ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាអ្នកឌុប។ ចំណែកឯជនរងគ្រោះ ដែលរងរបួសធ្ងន់ មានឈ្មោះ វីន ត្រូវជាមិត្តភក្តិជនរងគ្រោះ ដែលមានមុខរបរ ជាអ្នកដឹកនំខេក តាមអនឡាញ។ ជនរងគ្រោះ ជិះម៉ូតូម៉ាកឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JW.1246 ។ ចំណែករថយន្តដឹកដី ម៉ាក DONGFENG ពណ៌ស ពាក់ស្លាកលេខ ពណ៌លឿង AT22 .3.1846 របស់ក្រុមហ៊ុនទ្រី ស៊ូម៉ី ដឹកជញ្ជូន ដោយអ្នកបើកបរ បានចុះគេចខ្លួន បាត់ស្រមោល៕