ខណ្ឌទួលគោក ៖ អគ្គីភ័យ បានឆាបឆេះ ភោជនីយដ្ឋាន មួយកន្លែង យ៉ាងសន្ធោសន្ធៅ បណ្តាលអោយ បុគ្គលិកម្នាក់ ស្លាប់នៅនឹងកន្លែង និងរងរបួសធ្ងន់ ២នាក់ បញ្ជូន ទៅសង្គ្រោះ នៅមន្ទីពេទ្យ កាលពីវេលាម៉ោង ១០និង៣០ នាទីព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅចំណុច ផ្ទះលេខ៨៨ និងផ្ទះលេខ៩០ ដែលជាផ្ទះបើក ភោជនីយដ្ឋាន យីហោ « កន្លែងថ្មី» តាមបណ្តោយ ផ្លូវលេខ១៣៨ ក្រុមទី៣ ភូមិទី២ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ម្ចាស់ហាង ដែលត្រូវភ្លើងឆេះ ឈ្មោះ ហុក ទ្រី ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅ ផ្ទះលេខ45F បូរីលឹមឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ជនរងគ្រោះ ដោយសារតែអគ្គីភ័យនេះ ពុំទាន់ស្គាល់ អត្តសញ្ញាណ នៅឡើយ។ មុនពេលកើតហេតុ គេឃើញភ្លើង បានឆាបឆេះចេញ ពីផ្ទះល្វែងលេខ ៨៨ បើកហាងខាងក្រោម និងបុគ្គលិកស្នាក់នៅ យ៉ាងសន្ធោសន្ធៅ ហើយ ឆេះរាលដាលយ៉ាងរហ័ស ទៅផ្ទះ លេខ៩០ ។
នៅក្នុងហេតុការណ៍នោះ បណ្តាលអោយ មនុស្ស ចំនួន ៣នាក់ ក្នុងចំណោម ៤នាក់ ដែលនៅ ក្នុងផ្ទះល្វែង ជាប់នៅខាងក្នុង ហើយអាជ្ញាធរ និង សម្ថកិច្ច បានចេញរថយន្ត ពន្លត់អគ្គីភ័យ ជាច្រើនគ្រឿង ទៅអន្តរាគមន៍បាញ់ពន្លត់។ បុរសម្នាក់ ត្រូវភ្លើងឆេះ ស្លាប់នៅក្នុងផ្ទះ ពេល រត់ចូល ទៅក្នុងបន្ទប់ទឹក ហើយស្រ្តីម្នាក់ ដែលជាប់នៅ ជាន់លើ ត្រូវបានសមត្ថកិច្ច ជួយ សង្គ្រោះ ដោយរងរបួសធ្ងន់ សន្លប់ស្តូកស្តឹង និងបុរសម្នាក់ទៀត បានរត់ចេញទាំង រងរបួសធ្ងន់៕