មន្ត្រីគយខេត្តកំពង់ស្ពឺ ចាប់ឡានអត់ពន្ធ ពាក់ស្លាកលេខ នគរបាល ដែលចតនៅមុខផ្ទះ
​ដោយ វត្តភ្នំ ម៉ោង 14:50
ថ្ងៃទី30 ខែJanuary ឆ្នាំ2023
សន្តិសុខ និងសង្គម

ក្រុងច្បារមន ៖ មន្ត្រីគយនិងរដ្ឋាករ សាខាខេត្តកំពង់ស្ពឺ បានរឹបអូស រថយន្តសេរីទំនើបមួយគ្រឿង ពាក់ស្លាកលេខ នគរបាល ដែលចតទុកនៅមុខផ្ទះ ក្រោយពិនិត្យដឹងថា មិនមានពន្ធនាំចូល បង្កការភ្ញាក់ផ្អើល កាលពីម៉ោង ៨និង២០ នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅចំណុចមុខផ្ទះ ក្នុងភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

លោក ប្រាក់ សុចិត្រា ប្រធានការិយាល័យត្រួតពិនិត្យ នៃសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយមានការសង្ស័យ លើរថយន្ត ១គ្រឿង ប្រភេទលុចស៊ីស ៤០០h បំពាក់ស្លាកលេខ នគរបាល ដែលចតចោលនៅមុខផ្ទះ កម្លាំងជំនាញ បានចុះទៅពិនិត្យ និងសួរនាំ រកឯកសារពាក់ពន្ធ័។ ក្រោយពិនិត្យ និងយោងតាម ចម្លើយសារភាព របស់ម្ចាស់យានយន្ត កម្លាំងជំនាញ ក៏បាននាំយករថយន្តនោះ មកកាន់សាខា គយនិងរដ្ឋាករខេត្ត ដើម្បីកសាងឯកសារ ឱម្ចាស់ចូលខ្លួន បំពេញកាតព្វកិច្ច បង់ពន្ធជូនរដ្ឋ។

ម្ចាស់រថយន្តឈ្មោះ អ៊ុន សុខុម មានឋានន្តរសក្តិ ថ្នាក់វរសេនីយ៍ទោ បម្រើការងារ នៅពន្ធនាគារ ខេត្តកំពង់ស្ពឺ។ ភរិយារបស់លោកបានប្រាប់ថា រថយន្តនេះ បានទិញមកជិះ ច្រើនឆ្នាំហើយ ដោយឃើញវាថោក ហើយស្អាត អាចជិះ បំពេញការងារបាន ក៏សម្រេចទិញវា មកជិះតែមិននឹកស្មានថា.ត្រូវគយចាប់ដូច្នេះទេ៕

Loading...